សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៦

គ្រប់ស្ថាប័នសាធារណៈ ទាំងអស់ត្រូវគោរពគោលការណ៍នៃការលាតត្រដាងព័ត៌មានជាអតិបរមា។ ដើម្បីសម្រេចគោលដៅនេះស្ថាប័នទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនិង ផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំ ទូលាយ អំពីផែនការសកម្មភាពការងារ ផែនការថវិកា ការបំពេញភារកិច្ច ការទទួលខុសត្រូវ និងសេចក្តីសម្រេចនានាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់សាធារណជនដូចជា៖

ក- ការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសាធារណៈនានា រួមទាំងសកម្មភាពការងារព្រម ទាំងសមិទ្ធផលទាំងឡាយដែលសម្រេចបាន។

ខ- ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍលើគ្រប់វិស័យរបស់ស្ថាប័នសា- ធារណៈ។

គ- ព័ត៌មានលម្អិតអំពីយន្តការសេវា រួមទាំងតារាងតម្លៃសេវាសាធារណៈនានា ដែលស្ថាប័ន សាធារណៈត្រូវផ្តល់ជូនសាធារណជន។

ឃ- ច្បាប់ បទដ្ឋានគតិយុត្ត គោលនយោបាយ សេចក្តីសម្រេចនានា និងភារកិច្ចរបស់ស្ថាប័ន សាធារណៈដែលទាក់ទងនឹងសិទ្ធិ សេរីភាព កាតព្វកិច្ច និងផលប្រយោជន៍របស់សាធារណជន។

ង- គ្រប់ទិដ្ឋភាពនៃដំណើរការ និងនីតិវិធីទាំងឡាយរបស់តុលាការ រួមទាំងកិច្ចការរដ្ឋបាល ដែលមានផលប្រយោជន៍និងទំនាក់ទំនងផ្ទាល់ជាមួយសាធារណជន លើកលែងតែបទបញ្ញត្តិមួយចំនួនដែលហាមឃាត់។

ច- គម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដែលភ្ជាប់ជាមួយនឹងសេចក្តីលម្អិតព័ត៌មានអំពីថវិកាដែល ត្រូវចំណាយក្នុងឆ្នាំហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងគណនីសវនកម្មនៃហិរញ្ញវត្ថុឆ្នាំមុន។

ឆ- សំណើផ្លូវការ ឬយន្តការបណ្តឹងសម្រាប់សាធារណជនដែលមានទំនាក់ទំនងជា មួយសកម្មភាព ឬខកខានមិនធ្វើសកម្មភាពដោយស្ថាប័នសាធារណៈនោះរួមជាមួយនឹងសេចក្តីសង្ខេបនៃ សំណើពាក្យបណ្តឹង ឬសកម្មភាពផ្ទាល់ដទៃទៀតរបស់សមាជិកនៃស្ថាប័នសាធារណៈ និងការឆ្លើយតប របស់ស្ថាប័ននោះ។



All Comments:

Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514