សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៧

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានដែលស្ថិតក្នុងដែនអញ្ញត្រកម្ម រួចធ្វើការបែងចែកផ្នែកព័ត៌មានដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់និងផ្នែកដែលមិនស្ថិតក្នុងបទបញ្ញតិ្តហាមឃាត់។

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវសម្រេចផ្ដល់ជូនអ្នកស្នើសុំដូចខាងក្រោម៖

១- ព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈ រួចហើយដូចមានចែង ក្នុងមាត្រា៦ នៃច្បាប់នេះ ឬថតចម្លង ផ្នែកព័ត៌មានដែលមិនមែនជាព័ត៌មានសម្ងាត់។

២- ព័ត៌មានអំពីការកាត់ចោលកំណត់ត្រាមួយផ្នែកដែលជាព័ត៌មានសម្ងាត់ ដោយបញ្ជាក់ហេតុផលនៃការកាត់ចោលផ្នែកព័ត៌មានសម្ងាត់ និងបទបញ្ញត្តិហាមឃាត់។

៣- ព័ត៌មានរបស់មន្ត្រីនយោបាយនៃស្ថាប័នសាធារណៈ និងមន្រ្តីក្របខណ្ឌរដ្ឋបាលសាធារណៈទាក់ទងទៅនឹងតួនាទី ភារកិច្ច។

៤- ព័ត៌មានពាក់ព័ន្ធផ្នែកពាណិជ្ជកម្មដែលម្ចាស់កម្មសិទ្ធិបានបោះបង់ចោល ឬបានយល់ព្រមផ្តល់ឲ្យស្ថាប័នសាធារណៈប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។



All Comments:
Name: Nhean Somunin /Email or phone: somunin2000@yahoo.com

សូមបញ្ចូលនិយមន័យនៃពត៌មានពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម​ដែលចែងក្នុងជំពូក ៣ មាត្រា ១៧ ចំនុចទី ៤ ក្នុងច្បាប់នេះ។ សូមកំណត់អំពីយន្តការប្តឹងតវ៉ាមានប្រសិទិ្ធភាព​ និងកំណត់អំពីទោសពិន័យ និងទោសទណ្ឌសមស្រប ចំពោះមន្ត្រីទទួលបន្ទុក និងមន្រ្តីដែលកាន់កាប់ពត៌មាន​ ដែលបំពានច្បាប់នេះ។ សូមបញ្ជាក់ថា​ កិច្ចសន្យាពាណិជ្ជកម្ម ឬ​សម្បទាន ដែលចុះជាមួយរដ្ឋ ឬ ស្ថាប័នសាធារណៈ និងរាល់ឯកសារសិក្សាវាយតម្លៃផលប៉ះពាល់នៃគម្រោង ពេលវេលាសិក្សាគម្រោង របាយការណ៍ស្តីពីការអនុវត្ត ឬ ការតាមដានវាយតម្លៃគម្រោង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត សៀវភៅបន្ទុក បញ្ជីសារពើរភ័ណ្ឌទ្រព្យសម្បតិ្តរដ្ឋ បញ្ជីសម្បទាន កំណត់ត្រាក្នុងសៀវភៅគោលបញ្ជីដីធ្លី របាយការណ៍ចំនូលចំណាយពីគម្រោងវិនិយោគនីមួយៗ និង​របស់មូលនីធិសាធារណៈនានា ជាពត៌មានសាធារណៈ ដែលមិនឋិតក្រោមការហាមគាត់ ឬ ការកម្រិតនៃច្បាប់នេះ។ ចំពោះឯកសារវាយតម្លៃ និងយោបល់សម្រេចក្នុងការតែងតាំង តម្លើងឋានៈ ផ្តល់រង្វាន់ ឬ អត្ថប្រយោជន៍បន្ថែមដល់មន្រ្តីរាជការគ្រប់ប្រភេទ ត្រូវជាកម្មវត្ថុនៃការផ្តល់ជូនតាមសំណើររបស់បុគ្គល ឬ មន្ត្រីពាក់ព័ន្ធ ដែលសង្ស័យអំពីភាពលម្អៀង ឬ ភាពមិនត្រឹមត្រូវនៃសេចក្តីសម្រេចនោះ។ គួរចែងតម្រូវឱ្យក្រសួងស្ថាប័នរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត បង្ហោះពត៌មានសាធារណៈទាំងឡាយរបស់ខ្លួន ឬ​ ពាក់ព័ន្ធនឹងស្ថាប័នរបស់ខ្លួនលើគេហទំព័រ ហើយក្រសួងពត៌មាន ឬ ក្រសួងយុត្តិធម៌ រៀបចំចងក្រងច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងរាល់ការកែប្រែ វិសោធនកម្មថ្មីៗ តាមវិស័យ អនុវិស័យ និង​ចំនុចបញ្ហាសំខាន់ៗ ក្នុងទម្រង់ដែលអាចស្រាវជ្រាវតាមពាក្យគន្លឹះ លើគេហទំព័របាន ផង។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514