សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១១

ការស្នើសុំព័ត៌មាន ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់លម្អិតឲ្យបានច្បាស់លាស់អំពី ព័ត៌មាន និងទម្រង់ព័ត៌មានដែលត្រូវស្នើសុំទៅស្ថាប័នសាធារណៈ។

នីតិវិធីនិងទម្រង់បែបបទនៃការស្នើសុំព័ត៌មានត្រូវបានកំណត់ដូចតទៅ៖

១- ទម្រង់បែបបទស្នើសុំព័ត៌មាន៖
- ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ
- អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន និងអាសយដ្ឋានអេឡិចត្រូនិក (ប្រសិនបើមាន)
- បញ្ជីឈ្មោះព័ត៌មានលម្អិតដែលត្រូវស្នើសុំ។

២- អ្នកស្នើសុំដែលគ្មានលទ្ធភាព បំពេញទម្រង់បែបបទខ្លួនឯង ដោយសារ អនក្ខរភាព ឬពិការភាព សាមីខ្លួនអាចធ្វើការស្នើសុំព័ត៌មានដោយផ្ទាល់មាត់។ មន្រ្តីទទួលបន្ទុកព័ត៌មាន ដែលបានទទួលសំណើសុំ ហើយ ត្រូវជួយបំពេញបែបបទព័ត៌មានជាលាយលក្ខណ៍អក្សរឲ្យបានត្រឹមត្រូវតាម ការស្នើសុំដោយឥតគិតថ្លៃ ហើយត្រូវដាក់ឈ្មោះមន្រ្តីដែលបានបំពេញកាតព្វកិច្ចនេះនៅក្នុងសេចក្តីថតចម្លងនិងបង្កាន់ដៃរបស់អ្នកស្នើសុំ។

៣- អ្នកស្នើសុំ អាចប្រគល់សំណើសុំ ព័ត៌មានជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់ដៃ ឬតាមរយៈ តំណាងស្របច្បាប់ទៅមន្រ្តីស្ថាប័នសាធារណៈ ឬមន្រ្តីទទួលបន្ទុកព័ត៌មាន ឬអាចផ្ញើតាមរយៈ ប្រៃសណីយ៍ ឬសារអេឡិចត្រូនិចទៅកាន់ស្ថាប័នសាធារណៈដែលកាន់កាប់ព័ត៌មាននោះ។

៤- មន្ត្រីនៃស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ដែលបានទទួលការស្នើសុំព័ត៌មានត្រូវចុះបញ្ជី និងចេញនូវបង្កាន់ដៃបញ្ជាក់ឱ្យអ្នកដែលបានស្នើសុំនោះ។

៥- អ្នកស្នើសុំត្រូវទទួលយកបង្កាន់ដៃ សំអាងពីមន្រ្តីស្ថាប័ន សាធារណៈ ឬមន្រ្តីទទួល បន្ទុកព័ត៌មានបន្ទាប់ពីបានប្រគល់សំណើរួច។ ចំពោះអ្នកស្នើសុំតាមរយៈប្រៃសណីយ៍ ឬសារអេឡិចត្រូនិច បង្កាន់ ដៃសំអាងត្រូវផ្តល់ជូនតាមប្រភេទមធ្យោបាយដែលស្នើសុំ។

៦- មន្រ្តីស្ថាប័នសាធារណៈ ដែលទទួលបាន សំណើសុំព័ត៌មានហើយ ត្រូវបញ្ជូនសំណើនោះទៅកាន់មន្រ្តីទទួលបន្ទុកព័ត៌មានក្នុងរយៈពេល ២៤(ម្ភៃបួន)ម៉ោងនៃថ្ងៃធ្វើការ។

៧- ប្រសិនបើសំណើសុំព័ត៌មានមិនចំស្ថាប័នមានសមត្ថកិច្ចកាន់កាប់ព័ត៌មាន មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវបញ្ជូនសំណើនោះត្រឡប់ទៅអ្នកស្នើសុំវិញឱ្យបានឆាប់រហ័សបំផុត និងត្រូវផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីស្ថាប័នដែលកំពុងកាន់កាប់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងសំណើនោះ ។



All Comments:


ស្នើសុំកុំអោយមានជាលាយលក្ខអក្សរអី វាពិបាកដល់ ពលរដ្ឋនៅមូលដ្ឋានដែលពុំនីតិវិធីនេះ៕ លីវ សារ៉ុម 093456727

អ៊ុត សុភា
sophea.u@wmc.org.kh
សំណូមពរ o ទម្រង់ស្នើសុំព័ត៌មានមានលក្ខណៈស្មុគស្មាញ ការស្នើសុំព័ត៌មានគួរតែធ្វើឡើងដោយអនាមិក ។ ដូច្នេះ សុំដកពាក្យ មុខរបរ ចេញ ពីព្រោះមុខរបររបស់មនុស្សម្នាក់ៗ មិនទៀតទាត់ទេ ។ ការដាក់ឈ្មោះ និង មុខរបរ អាចប៉ះពាល់ដល់បុគ្គលផ្ទាល់ខ្លួន និង ជាសំពាធដល់អ្នកស្នើសុំព័ត៌មាន រារាំងដល់ការទទួលបានព័ត៌មាន ។ o សុំដាក់ទម្រង់ និង គំរូស្នើសុំព័ត៌មាននៅលើគេហទំព័ររបស់ស្ថាប័នសាធារណៈ នៅតាមសាលាឃុំសង្កាត់ និងធ្វើការអប់រំជាសាធារណៈអំពីរបៀបស្នើសុំព័ត៌មានតាមរយៈទូរទស្សន៍ វិទ្យុ និងតាមមន្រ្តីផ្តល់ព័ត៌មាន នៃការិ យាល័យផ្តល់ព័ត៌មាន ។ o សុំឲ្យមានការបំពេញសំណើសុំព័ត៌មានតាមប្រពន្ធ័អេឡេចត្រូនិច ។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514